ខ្សែជីវិតនិងស្នាដៃរបស់អ្នកនិពន្ធឡាំង ប៉េងសៀក ឬនាមប៉ាកា«កាណែល»   

ភូមិអ្នកនិពន្ធ សូមណែនាំអ្នកនិពន្ធប្រលោមលោកខ្មែរមួយរូបទៀត គឺលោក ឡាំង ប៉េងសៀក នាមប៉ាកាហៅ «កាណែល» ជាអ្នកនិពន្ធមួយរូបដែលមានឈ្មោះបោះសំឡេងក្នុងទស្សវត្សរ៍ឆ្នាំ៦០។ លោក ឡាំង ប៉េងសៀក កើតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤៦ នៅភូមិកំពង់ថ្ម ស្រុកកំពង់ថ្ម ខេត្តកំពង់ធំ ។ បើតាមការរៀបរាប់របស់មិត្តអ្នកអានខ្លះលើកឡើងថា សៀវភៅអក្សរសិល្ប៍ខ្មែរបញ្ជាក់ថា កាលពីក្មេងលោកបានចូលរៀននៅនៅវិទ្យាល័យទីរួមខេត្ត ក្រោយមកក៏ផ្លាស់មករៀននៅវិទ្យាល័យស៊ីសុវត្តិ ក្នុងរាជធានីភ្នំពេញ។

អ្នកនិពន្ធ ឡាំង ប៉េងសៀកនាមប៉ាកាហៅ កាណែល ។
លោកជាអ្នកនិពន្ធប្រឆាំងនឹងរបៀបរបបដាក់ទោសពលរដ្ឋនិងអ្នកនយោបាយក្នុងសម័យសង្គមចាស់។

 

លោក ប៉េងសៀក ជាអ្នកស្នេហាកិច្ចការតែងនិពន្ធយ៉ាងខ្លាំង ហើយលោកបានផ្តើមអាជីពតែងនិពន្ធដំបូងនៅឆ្នាំ១៩៦៣។ ព័ត៌មានមិនច្បាស់ការថា លោកបានស្លាប់នៅអំឡុងចុងឆ្នាំ១៩៧៥ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមចូលកាន់កាប់ក្រុងភ្នំពេញ។ ក្នុងឆ្នាំ១៩៦៤ លោកបានចូលរៀននៅមហាវិទ្យាល័យច្បាប់ ហើយពីរឆ្នាំក្រោយមកក៏ទទួលបានសញ្ញាបត្រផ្នែកខាងវិជ្ជាច្បាប់។ លោកមានទស្សនៈប្រឆាំងអំពីរបៀបដាក់ទោសដល់ពលរដ្ឋ និងអ្នកទោសនយោបាយក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះ នរោត្តម សីហនុ និងរបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់។ ក្នុងឆ្នាំ១៩៦៨ រាជការរបស់សម្តេចឪ បានបញ្ជូនលោកឲ្យទៅបម្រើការក្នុងជួរយោធា ដែលជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋខ្មែរក្នុងកាលៈទេសៈប្រទេសមានសង្គ្រាម។

ទើបចូលបំរើយោធាក្នុងរាជការសម័យសង្គមរាស្ត្រនិយមភ្លាម លោកបានចុះបំពេញបេសកកម្មដំបូងនៅស្រុកវ៉ឺនសៃ ខេត្តរតនគីរី ហើយក្រោយពីបំពេញកាតព្វកិច្ចយោធារយៈពេលមួយឆ្នាំចប់ លោកក៏បានសរសេររឿងប្រលោមលោករឿង«ខ្យល់កំបុតត្បូង»ចប់ផងដែរ។ ក្រោយពីបញ្ចប់កាតព្វកិច្ចយោធារយៈពេល១ឆ្នាំ លោកក៏ចូលបំរើការនៅក្រសួងយុត្តិធម៌វិញ។ ក្រោយពីសង្គមរាស្ត្រនិយមត្រូវបានធ្វើរដ្ឋប្រហារដោយសេនាប្រមុខលន់ នល់ និងបក្ខពួក នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោក ប៉េងសៀក បានចូលបំរើជាយោធាជាថ្មីក្នុងរបបសាធារណរដ្ឋខ្មែរ អំឡុងឆ្នាំ ១៩៧១ ព្រោះលោកជានាយទាហានបម្រុងរដ្ឋការ(Officier réserve)នៅវិទ្យាល័យស៊ីសុវត្ថិ។

ទោះជាមានកាតព្វកិច្ចយោធាក្តី លោក ឡាំង ប៉េងសៀក តែងតែជាប់ចិត្តលើកិច្ចការតែងនិពន្ធជានិច្ច ពិសេសរឿងប្រលោមលោកមនោសញ្ចេតនា។ អ្នកនិពន្ធរូបនេះ និយមពិពណ៌នាយ៉ាងជក់ចិត្តលើសម្រស់តួអង្គស្រីក្នុងរឿងប្រលោមលោក។ រឿង”ខ្យល់កំបុតត្បូង» លោកនិពន្ធចប់តាំងពីឆ្នាំ១៩៦៨ ប៉ុន្តែរឿងនេះពុំបានជ្រើសរើសក្នុងការប្រឡងអក្សរសាស្ត្រដែលសមាគមអ្នកនិពន្ធខ្មែរចាត់ចែងនោះឡើយ ព្រោះ លោកជាប់បំពេញកម្មសិក្សាផ្នែកយោធាវិជ្ជា។ ស្នាដៃរឿងខ្យល់កំបុតត្បូង គឺនិពន្ធចប់នៅស្រុកវ៉ឺនសៃនៅថ្ងៃទី ៣០ ខែតុលា១៩៦៨ កែសម្រួលរួចរាល់នៅរាជធានីភ្នំពេញថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧២។

លោក ឡាំង ប៉េងសៀក បានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរក្នុងឆ្នាំ១៩៧០ ហើយនាឆ្នាំ១៩៧២ លោកបានចូលទៅក្នុងសមាសភាពនៃគណៈកម្មការបោះពុម្ពផ្សាយរបស់សមាគមអ្នកនិពន្ធខ្មែរ។ សមាសភាពគណៈកម្មការបោះពុម្ពផ្សាយសមាគមអ្នកនិពន្ធខ្មែរ មាន ឡឹក រ៉ារី ជាប្រធាន ហើយមានសមាជិក៧នាក់ផ្សេងទៀតរួមមានលោក គ្រូច ប៊ុនលី  លោកតាំង វស្សា, លោកស៊ូ ចំរើន, លោកឈិត វ័ណន័យ, លោកគង់សម្ភារៈ លោក យូ បូ និងលោក ម៉ៅ គីមសៀង។

ខាងលើនេ ជាស្នាដៃអក្សរសិល្ប៍ដែលបានចេញផ្សាយកន្លងមក រួមមានប្រលោមលោករឿង ព្រលឹងម៉ែ, ទោសពានវាំង, តារារៀងរះ, មេចោរកំបុតក, ខ្លោចចិត្តនៅឡាបានសៀក, ខ្លោចចិត្តនៅឡាបានសៀក, ទោសពានវាំង, ស្រងេះស្រងោច, ខ្យល់កំបុតត្បូង, កូនអើយឥតម៉ែ, វីយូឡុងស្នេហា, ជ្រោះអូយ៉ាដាវ, ទំនួញក្មេងកំព្រា, សត្វរំពេ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព